30/09/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ ទីតាំង (គ្រប់វេនសិក្សា) សរុបប្រមាណជាង ៣,១៩៥ អង្គ/នាក់ ក្រោមប្រធានបទ “តើអ្នកគួរចាប់ផ្ដើមអាជីពរបស់អ្នកនៅពេលណា?- When should you start your career?"
==================
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ (វេនល្ងាច) ចំនួន ១,៥៧៣ អង្គ/នាក់ មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើអ្នកគួរចាប់ផ្ដើមអាជីពរបស់អ្នកនៅពេលណា?-When should you start your career?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិផងដែរ។ ក្នុងនោះ និស្សិតសាខាទី១-ទួលស្លែង បានចូលរួមដោយផ្ទាល់នៅសាលសន្និសីទ ចំនួន ៦៧៦នាក់ និងនិស្សិតសាខាទី២-ស្ពានអាកាសចោមចៅ បានចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ៨៩៧នាក់។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីបានប្រព្រឹត្តទៅនាថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។