09/10/2026
ទីតាំងទី១ នៃស.វ.ស៖ ក្នុងឱកាសនៃសន្និសីទវិទ្យាសាស្ត្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គណៈកម្មការរៀបចំកម្មវិធីបានប្រារព្ធពិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី លើកម្មវិធីប្រកួតប្រជែងជាច្រើនជំនាញផ្សេងៗគ្នា ដែលបានប្រព្រឹត្តទៅកន្លងមក។
កម្មវិធីប្រកួតប្រជែងទាំងនោះរួមមាន៖ ការប្រកួតប្រជែងការធ្វើផ្ទាំងបង្ហាញការងារស្រាវជ្រាវទាក់ទងនឹងជំងឺឆ្លង, ការប្រកួតប្រជែងការធ្វើផ្ទាំងបង្ហាញការងារស្រាវជ្រាវទាក់ទងនឹងជំងឺមិនឆ្លង, ការធ្វើបទបង្ហាញផ្ទាល់មាត់ការងារស្រាវជ្រាវទាក់ទងជំងឺឆ្លង, ការប្រកួតប្រជែងការធ្វើបទបង្ហាញផ្ទាល់មាត់ការងារស្រាវជ្រាវទាក់ទងជំងឺមិនឆ្លង, ការប្រកួតប្រជែងគ្លីនិករបស់និសិ្សតថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រឆ្នាំទី៣, ការប្រកួតប្រជែងជំនាញគ្លីនិករបស់និសិ្សតថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រឆ្នាំទី៤, ការប្រកួតប្រជែងរចនាគំនូរនិមិត្តសញ្ញាស.វ.ស, ការប្រកួតប្រជែងរៀបចំវិដេអូខ្លី, ការប្រកួតប្រជែងជំនាញបច្ចេកទេសក្នុងមន្ទីរពិសោធន៏របស់និសិ្សតថ្នាក់បរិញ្ញាបត្រឱសថសាស្ត្រឆ្នាំទី១-៥, ការប្រកួតប្រជែងការធ្វើបទបង្ហាញផ្ទាល់មាត់ការស្រាវជ្រាវទាក់ទងនឺងសុខភាពឌីជីថល។ មុននឹងឈានដល់ការប្រកាសលទ្ធផល អង្គពិធីទាំងមូលក៏បានទស្សនាការបង្ហាញសង្ខេបអំពីដំណើរការ និងលក្ខខណ្ឌនៃការវាយតម្លៃយ៉ាងសុក្រឹត លើវិញ្ញាសានៃការប្រកួតប្រជែងនីមួយៗផងដែរ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកជំទាវសាស្ត្រាចារ្យ ទេព រង្ស៊ី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត និង លោកសាស្ត្រាចារ្យ Hsu Li Yang ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានអញ្ជើញផ្តល់កិត្តិយសប្រគល់ជូនដោយផ្ទាល់នូវ ពានរង្វាន់ ប័ណ្ណសរសើរ ព្រមទាំងថវិកា ជូនដល់បេក្ខជន និងក្រុមម្ចាស់ជ័យលាភី ដែលទទួលបានចំណាត់ថ្នាក់លេខ១ លេខ២ លេខ៣ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដល់ក្រុម/អ្នកចូលរួមប្រកួតប្រជែងតាមវិញ្ញាសានីមួយៗ។
គួរបញ្ជាក់ផងដែរថា ការរៀបចំកម្មវិធីប្រកួតប្រជែងទាំងនេះឡើង មិនត្រឹមតែជាការអបអរសាទរខួបទី៨០ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏វិសេសវិសាលមួយ សម្រាប់ផ្តល់វេទិកាជូននិស្សិតក្នុងការបញ្ចេញនូវសមត្ថភាពពិត ភាពច្នៃប្រឌិត បណ្តុះស្មារតីសហការជាក្រុម និងពង្រឹងគុណភាពនៃការស្រាវជ្រាវ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការក្លាយខ្លួនជាអ្នកជំនាញសុខាភិបាលប្រកបដោយក្រមសីលធម៌ និងសមត្ថភាពខ្ពស់នាពេលអនាគត៕